សេចក្តីផ្តើម
ប្រព័ន្ធអេឡិចត្រូនិចកត់ត្រានិងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS) គឺជាកម្មវិធីអ៊ីនធឺណិតមួយ ដែលប្រើប្រាស់ដោយមូលដ្ឋានសុខាភិបាលសាធារណៈនៅក្នុងប្រទេសកម្ពុជា សម្រាប់គ្រប់គ្រងទិន្នន័យអ្នកជំងឺម្នាក់ៗ។ ដោយប្រើប្រាស់ប្រព័ន្ធអត្តលេខអ្នកជំងឺដាច់ដោយឡែកសម្រាប់ម្នាក់ៗ ប្រព័ន្ធនេះគ្រប់គ្រងព័ត៌មានពិស្តារផ្ទាល់ខ្លួនរបស់អ្នកជំងឺ (ឈ្មោះ អាសយដ្ឋាន ព័ត៌មានទំនាក់ទំនង រូបថត ។ល។) ការប្រើប្រាស់សេវា ការគណនាកម្រៃសេវា និងដាក់បញ្ចូលនូវឧបករណ៍ផ្សេងៗសម្រាប់រាយការណ៍ជារួមអំពីទិន្នន័យប្រើប្រាស់សេវា និងទិន្នន័យហិរញ្ញវត្ថុរបស់មូលដ្ឋានសុខាភិបាលនានាទៅក្នុងម៉ូឌុលផ្សេងៗនៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល (HMIS) ដែលមានទំហំធំជាង។ ដោយត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល (DPHI) នៃក្រសួងសុខាភិបាល (MOH) ប្រព័ន្ធ PMRS គឺជាម៉ូឌុលមួយក្នុងចំណោមម៉ូឌុលផ្សេងៗដែលស្ថិតនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល (HMIS) ដូចបានបង្ហាញខាងក្រោម។
ការប្រើប្រាស់អត្តលេខសម្គាល់ខ្លួនអ្នកជំងឺម្នាក់ៗដោយប្រព័ន្ធ PMRS អនុញ្ញាតឲ្យមូលដ្ឋានសុខាភិបាលនីមួយៗរៀបចំប្រព័ន្ធឯកសារអ្នកជំងឺកណ្តាល ដែលអាចឲ្យស្វែងរកឃើញយ៉ាងងាយស្រួលនៅក្នុងអំឡុងពេលអ្នកជំងឺមកមូលដ្ឋានសុខាភិបាលម្តងៗ និងគាំទ្រដល់ការកែលម្អគុណភាពនៃការថែទាំដោយសម្របសម្រួលការថែរក្សាឯកសារអ្នកជំងឺបន្ត។ បន្ថែមពីលើអត្តលេខសម្គាល់ខ្លួនអ្នកជំងឺដែលប្រព័ន្ធ PMRS ផ្តល់ឲ្យ ប្រព័ន្ធក៏អាចកត់ត្រានូវឯសារសម្គាល់ខ្លួនដទៃទៀតដែលទាក់ទងនឹងអ្នកជំងឺម្នាក់ៗ ដើម្បីសម្របសម្រួលការកំណត់ និងការចូលទៅប្រើប្រាស់អត្តសញ្ញាណអ្នកជំងឺបានងាយស្រួលជាងមុន និងអនុញ្ញាតឲ្យភ្ជាប់ប្រព័ន្ធ PMRS ជាមួយប្រព័ន្ធទិន្នន័យកម្រិតអ្នកជំងឺ ដែលបច្ចុប្បន្នត្រូវបានថែទាំដោយនាយកដ្ឋាននានារបស់ក្រសួងសុខាភិបាល និងកម្មវិធីពាក់ព័ន្ធ ដូចជា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន (CENAT) និង ប្រព័ន្ធគ្រប់គ្រងពត៌មានមន្ទីរពិសោធន៏ (LMIS)។ល។ ។ ទន្ទឹមនឹងអត្តលេខសម្គាល់ខ្លួនអ្នកជំងឺ ប្រព័ន្ធនេះគឺជាកម្មវិធីមួយដែលអនុញ្ញាតឲ្យដឹងពីប្រភេទសេវា (ទម្រង់ការ តេស្ត ឱសថ) ដែលអ្នកជំងឺម្នាក់ៗបានទទួល ដែលផ្តល់នូវវិថីមួយឆ្ពោះទៅបង្កើតឯកសារវេជ្ជសាស្រ្តតាមប្រព័ន្ធអេឡិកត្រូនិកជាយថាហេតុ។
អ្នកប្រើប្រាស់ប្រព័ន្ធ PMRS ម្នាក់ៗនៅកម្រិតមូលដ្ឋានសុខាភិបាលត្រូវបានផ្តល់ឲ្យនូវឈ្មោះអ្នកប្រើ (usernames) និងពាក្យសម្ងាត់ (passwords) ព្រមទាំង កំណត់តួនាទីនៅក្នុងប្រព័ន្ធ ដែលកម្រិតការចូលប្រើប្រាស់របស់ពួកគេ ។
សាវតា
ការអភិវឌ្ឍប្រព័ន្ធ PMRS បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១០ ហើយឆ្លងកាត់ដំណាក់កាលជាច្រើន វាត្រូវបានធ្វើតេស្តយ៉ាងទូលំទូលាយ និងបន្តកែលម្អឲ្យប្រសើរឡើង។ ការដំឡើងប្រព័ន្ធនេះលើកទីមួយធ្វើឡើងនៅមន្ទីរពេទ្យខេត្តសៀមរាបនៅចុងឆ្នាំ២០១០ និងបន្តពង្រីកដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកស្រុកបាកាននៅក្នុងឆ្នាំ ២០១១ ។ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះទាមទារឲ្យមានការកែលម្អចរន្តអ្នកជំងឺឡើងវិញ ការបង្កើតនូវប្រព័ន្ធឯកសារអ្នកជំងឺកណ្តាល ការបែងចែកបុគ្គលិកឡើងវិញ និងការគ្រប់គ្រងដំណើរការបែងចែកអ្នកជំងឺតាមការចំណាត់ថ្នាក់អាទិភាព។
ប្រភពនៃការងារនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៤ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្រិតអ្នកជំងឺ (patient level database) ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រដល់ការគ្រប់គ្រងមូលនិធិសមធម៌។ ដោយត្រូវបានដំឡើងនៅលើកុំព្យូទ័រដាច់ដោយឡែកនៅតាមមន្ទីរពេទ្យបង្អែកនីមួយៗ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកជំងឺដំណាក់កាលដំបូងនេះត្រូវបានប្រើប្រាស់ ដើម្បីកំណត់លក្ខណៈសម្បត្តិក្នុងការទទួលបានមូលនិធិសមធម៌ កត់ត្រាការប្រើប្រាស់សេវាទុកជាឯកសារ និងបង្កើតនូវទិន្នន័យហិរញ្ញវត្ថុដែលចាំបាច់ដើម្បីគាំទ្រដល់ការទូទាត់ប្រាក់ជូនមូលដ្ឋានសុខាភិបាល និងអត្ថប្រយោជន៍ផ្ទាល់ជូនអ្នកជំងឺ។ នៅត្រឹមឆ្នាំ ២០១០ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ដែលគេឲ្យឈ្មោះថា “ប្រព័ន្ធទិន្នន័យប្រតិបត្តិការមូលនិធិសមធម៌” ត្រូវបានពង្រីកដើម្បីកត់សម្គាល់ថា កម្មវិធីសូហ្វវែរដែលគេប្រើប្រាស់ក្នុងការបង្កើតវា (Microsoft FoxPro) បានចាប់ផ្តើមកម្រិតការអភិវឌ្ឍបន្ថែម។ ប្រព័ន្ធ PMRS បានផ្តល់ឲ្យនូវកម្មវិធីជំនាន់ក្រោយសម្រាប់មូលនិធិសមធម៌ ហើយនៅត្រឹមឆ្នាំ ២០១២ គ្រប់មូលដ្ឋានមូលនិធិសមធម៌ទាំងអស់បានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ PMRS ជាឧបករណ៍ស្នូលសម្រាប់គ្រប់គ្រងអ្នកជំងឺមូលនិធិសមធម៌។
ស្ថានភាពបច្ចុប្បន្ន
ក្រោយពីបានដំឡើងប្រព័ន្ធ PMRS ក្នុងដំណាក់កាលដំបូង ដើម្បីគ្រប់គ្រងរាល់ការចុះឈ្មោះអ្នកជំងឺទាំងអស់នៅមន្ទីរពេទ្យខេត្តសៀមរាប និងខេត្តពោធិ៍សាត់ក្នុងឆ្នាំ ២០១០-២០១១ មក ការអភិវឌ្ឍបានបង្វែរការយកចិត្តទុកដាក់ទៅគាំទ្រការកែប្រែប្រព័ន្ធមូលនិធិសមធម៌នោះឲ្យទៅជាប្រព័ន្ធ PMRS ។ គិតត្រឹមខែ កក្កដា ឆ្នាំ ២០១២ ប្រតិបត្តិករមូលនិធិសមធម៌ទាំងអស់បានបញ្ចប់ការបណ្តុះបណ្តាលបឋមយ៉ាងជោគជ័យ និងបានផ្លាស់ប្តូរដោយបញ្ចូលសកម្មភាពគ្រប់គ្រងព័ត៌មានមូលនិធិសមធម៌របស់ពួកគេទៅក្នុងប្រព័ន្ធ PMRS ។ នេះគឺជាជំហានដ៏សំខាន់នៅក្នុងការធ្វើស្តង់ដារូបនីយកម្ម និងសាមញ្ញកម្មប្រព័ន្ធមូលនិធិសមធម៌ ដែលផ្តល់ឲ្យប្រតិបត្តិករមូលនិធិសមធម៌ទាំងអស់អាចចូលទៅប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ជាតិចុងក្រោយពីកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅក្រសួងផែនការ និងតាមដានអ្នកជំងឺម្នាក់ៗនៅទូទាំងប្រទេស ដើម្បីសម្របសម្រួលការបញ្ជូន និងសម្រួលការត្រួតពិនិត្យតាមដាន។
ការដាក់ដំឡើងប្រព័ន្ធ PMRS ជាបន្តបន្ទាប់នៅមន្ទីរពេទ្យបង្អែក (លើសពីការប្រើប្រាស់ដោយប្រព័ន្ធមូលនិធិសមធម៌) ដើម្បីគាំទ្រការចុះឈ្មោះ និងការគ្រប់គ្រងអ្នកជំងឺទាំងអស់បានបន្តតាមរយៈដំណើរការមួយ ដែលធ្វើការជាមួយមន្ទីរពេទ្យដែលបានដាក់សំណើជាផ្លូវការស្នើសុំប្រព័ន្ធនេះ និងអាចបំពេញនូវបុរេលក្ខខណ្ឌដែលចាំបាច់ ដែលរួមបញ្ចូលទាំងការចូលរួមវិភាគទានថ្លៃដំឡើង ៥០% ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៤ មានមន្ទីរពេទ្យសរុប ១១ កន្លែងកំពុងប្រើប្រាស់ប្រព័ន្ធ PMRS និងដោយមានការគាំទ្រពីគម្រោងគាំពារសុខភាពសង្គមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID SHP Project) ប្រព័ន្ធនេះត្រូវបានរំពឹងថានឹងពង្រីកបន្ថែមដើម្បីបញ្ចូលមន្ទីរពេទ្យចំនួន ២០ ថ្មីទៀត (សរុបទាំងអស់ ៣១ មន្ទីរពេទ្យ) នៅត្រឹមខែកញ្ញា ឆ្នាំ២០១៥។
នៅពេលមានការដំឡើងប្រព័ន្ធ PMRS នៅមន្ទីរពេទ្យថ្មីនីមួយៗ ក្រុមការងារចម្រុះដែលរួមមានគ្រូបង្គោលពីនាយកដ្ឋាន DPHI នៃក្រសួងសុខាភិបាល និងគម្រោង USAID SHP ចុះអនុវត្តកម្មវិធីបណ្តុះបណ្តាលដល់មន្ទីរពេទ្យរយៈពេលពីរសប្តាហ៍ ដែលរួមមាន ការបង្ហាត់ និងតាមដានគាំទ្រភ្ជាប់នឹងការងារប្រកបដោយលក្ខណៈពិស្តារ ដើម្បីធានាថា ប្រព័ន្ធនេះត្រូវបានអនុវត្ត និងបញ្ចូលទៅក្នុងចរន្តការងារ/អ្នកជំងឺតាមស្តង់ដាររបស់មូលដ្ឋានសុខាភិបាល។ ការគាំទ្របច្ចេកទេសតាមទូរស័ព្ទត្រូវបានផ្តល់ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃដែលអ្នកប្រើប្រាស់បានជួបប្រទះ ហើយនៅមានដំណើរការចុះតាមដានគាំទ្រដែលមានរចនាសម្ព័ន្ធត្រឹមត្រូវនៅក្នុងប៉ុន្មានខែក្រោយការដំឡើង ដើម្បីកំណត់រកតម្រូវការបណ្តុះបណ្តាលបន្ថែម និងស្នើសុំមតិត្រឡប់ដើម្បីជំរុញការកែលម្អប្រព័ន្ធឲ្យបានកាន់តែល្អប្រសើរនាពេលអនាគត។
កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នដើម្បីអភិវឌ្ឍមុខងារបន្ថែមដល់ប្រព័ន្ធ PMRS ដោយនាយកដ្ឋាន ផែនការ និងព័ត៌មានសុខាភិបាល (DPHI) នៃក្រសួងសុខាភិបាល ក្រោមជំនួយបច្ចេកទេសពីគម្រោង USAID SHP ត្រូវបានផ្តោតការយកចិត្តទុកដាក់លើការងារចំនួនបីប្រភេទធំៗ :
ការដំឡើងប្រព័ន្ធ PMRS នៅមន្ទីរពេទ្យបង្អែក (ហៅថា “ប្រព័ន្ធ PMRS ពេញលេញ”)។
ការប្រើប្រាស់ប្រព័ន្ធ PMRS នៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យតាមដានប្រព័ន្ធមូលនិធិសមធម៌ (ហៅថា “HEF PMRS”) និង
ការអភិវឌ្ឍកម្មវិធីផ្អែកលើឧបករណ៍ tablet ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់មណ្ឌលសុខភាពប្រើប្រាស់ប្រព័ន្ធ PMRS (ហៅថា “HC PMRS”) ។
ប្រព័ន្ធ PMRS ពេញលេញ
មុខងារសំខាន់ៗនាពេលបច្ចុប្បន្នរបស់ប្រព័ន្ធ PMRS នៅក្នុងមន្ទីរពេទ្យផ្តោតសំខាន់លើ :
ផ្នែកទីមួយនៃសកម្មភាពអភិវឌ្ឍនាពេលបច្ចុប្បន្ន គឺការអភិវឌ្ឍឧបករណ៍បន្ថែមដើម្បីជូនដំណឹងដល់អ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងអ្នកគ្រប់គ្រងប្រព័ន្ធសុខាភិបាលអំពីសកម្មភាព និងលទ្ធផលរបស់មន្ទីរពេទ្យ។ ការបង្កើតរបាយការណ៍ទាំងនេះ និងឧបករណ៍វិភាគដែលមានស្តង់ដារ (ឧបករណ៍តារាងបង្ហាញលទ្ធផលសង្ខេប) គឺមានសារៈសំខាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងអ្នកគ្រប់គ្រងប្រព័ន្ធសុខាភិបាលឲ្យមកប្រើប្រាស់ប្រព័ន្ធ PMRS ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាឲ្យកាន់តែប្រសើរឡើង។
ផ្នែកទីពីរនៃការអភិវឌ្ឍទាក់ទងទៅនឹងមុខងារមួយសំណុំជាក់លាក់ដែលគ្រប់គ្រងចរន្តអ្នកជំងឺ និងឯកសារវេជ្ជសាស្ត្រអេឡិចត្រូនិកនៅក្នុងផ្នែកពិគ្រោះជំងឺចិត្តសាស្រ្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កិច្ចខិតខំប្រឹងប្រែងនេះនឹងរួមបញ្ចូលការប្រើប្រាស់ឧបករណ៍ tablet ដោយគ្រូពេទ្យម្នាក់ៗដើម្បីកត់ត្រាការផ្តល់ប្រឹក្សា និងគ្រប់គ្រងការចេញវេជ្ជបញ្ជា។ យើងរំពឹងថា មុខងារថ្មីនេះនឹងចាប់ផ្តើមដាក់ឲ្យធ្វើតេស្តនៅដើមឆ្នាំ២០១៥ ហើយវានឹងបង្ហាញពីការអភិវឌ្ឍមុខងារកត់ត្រាវេជ្ជសាស្រ្តតាមប្រព័ន្ធអេឡិកត្រូនិកនាពេលអនាគតដែលទាក់ទងទៅនឹងផ្នែកនៃការផ្តល់សេវាផ្សេងៗទៀត។
ប្រព័ន្ធ HEF PMRS
មុខងារដែលចាំបាច់ដើម្បីគ្រប់គ្រងប្រព័ន្ធសុខាភិបាលគឺកំពុងដំណើរការពេញលេញហើយនាពេលបច្ចុប្បន្ន និងរួមបញ្ចូលនូវសមាសភាគខាងក្រោម :
ការងារនាពេលបច្ចុប្បន្នស្តីពីមុខងារដែលទាក់ទងជាក់លាក់ជាមួយនឹងមូលនិធិសមធម៌ផ្តោតសំខាន់លើការកែលម្អ និងធ្វើឲ្យប្រសើរផ្ទាំងប្រទាក់សម្រាប់អ្នកប្រើ (user interface) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចនូវដំណើរការចរន្តការងារ និងប្រសិទ្ធភាព។ ជាមួយនឹងការបង្កើនការប្រើប្រាស់ “ប្រព័ន្ធ PMRS ពេញលេញ” នៅតាមមន្ទីរពេទ្យថ្មីៗដែលមានកិច្ចសន្យាជាមួយប្រព័ន្ធ HEF ស្រាប់ មានដំណើរការសកម្មនៃការសម្របសម្រួលដំណើរការចុះឈ្មោះអ្នកជំងឺរួមមួយដោយបុគ្គលិកមន្ទីរពេទ្យផង និងបុគ្គលិកប្រតិបត្តិករមូលនិធិសមធម៌ផង ដើម្បីបង្កើតនូវចរន្តអ្នកជំងឺដ៏សមស្របមួយ។ នាពេលកន្លងមក វាជារឿងសាមញ្ញទៅហើយដែលអ្នកជំងឺស្វែងរកការថែទាំនៅមន្ទីរពេទ្យបង្អែកត្រូវបានចុះឈ្មោះជាច្រើនលើកច្រើនសារនៅកន្លែងចុះឈ្មោះកណ្តាល កន្លែងចុះឈ្មោះតាមផ្នែក កន្លែងចុះឈ្មោះតាមកម្មវិធីពាក់ព័ន្ធ និងចុះឈ្មោះជាមួយមូលនិធិសមធម៌ ឬប្រតិបត្តិករ CBHI ។ ប្រព័ន្ធ PMRS បង្កើតឱកាសធ្វើសាមញ្ញកម្មដំណើរការចុះឈ្មោះ ហើយនៅតែអាចផ្តល់នូវព័ត៌មានពិស្តារ និងទិន្នន័យដែលត្រូវការចាំបាច់នៅកម្រិតនីមួយៗនៃប្រព័ន្ធផងដែរ។
ប្រព័ន្ធ HC PMRS
គម្លាតដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងការអភិវឌ្ឍប្រព័ន្ធទិន្នន័យកម្រិតអ្នកជំងឺតាមប្រព័ន្ធអេឡិកត្រូនិកស្ថិតនៅកម្រិតមណ្ឌលសុខភាព ជាទីដែលរាល់ទិន្នន័យទាំងអស់នៅតែត្រូវគេបានកត់ត្រាចូលបញ្ជីចុះឈ្មោះជាសៀវភៅ ដែលបន្ទាប់មកត្រូវបានគេសង្ខេបដើម្បីបង្កើតជារបាយការណ៍សរុបប្រចាំខែ (ហៅថា របាយការណ៍ HC 1)។ ចាប់ពីខែកក្កដា ឆ្នាំ២០១៤ មក ការអភិវឌ្ឍបានចាប់ផ្តើមនៅលើកម្មវិធី tablet ដែល ប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលនឹងអនុញ្ញាតឲ្យមានការបញ្ចូលការចុះឈ្មោះអ្នកជំងឺ (រួមទាំងការកំណត់អត្តលេខអ្នកជំងឺម្នាក់ៗ) និងទិន្នន័យប្រើប្រាស់ទៅក្នុងប្រព័ន្ធ PMRS ដោយបុគ្គលិកមណ្ឌលសុខភាពដោយផ្ទាល់តែម្តង។ កម្មវិធីនេះនឹងត្រូវបានប្រើប្រាស់នៅលើឧបករណ៍ tablet ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានភ្ជាប់បណ្តាញ 3G និងមានមុខងារប្រើប្រាស់បាននៅពេលគ្មានអ៊ីនធឺណិតផងដែរ។
បច្ចុប្បន្ន កម្មវិធី tablet នេះកំពុងត្រូវបានដាក់ឲ្យធ្វើតេស្តនៅមូលដ្ឋានដោយបុគ្គលិកនាយកដ្ឋាន DPHI នៃក្រសួងសុខាភិបាល និងគម្រោង USAID SHP ហើយនៅដើមឆ្នាំ ២០១៥ នាយកដ្ឋាន DPHI នៃក្រសួងសុខាភិបាលមានផែនការចែក tablet ទៅឲ្យមណ្ឌលសុខភាពទាំងអស់ដែលស្ថិតនៅក្នុងស្រុកប្រតិបត្តិបាកាន។ ជាដំបូង កម្មវិធី tablet នេះផ្តោតសំខាន់ទៅលើការគ្រប់គ្រងព័ត៌មានមូលនិធិសមធម៌ប៉ុណ្ណោះ។ ក្រោយពេលដាក់ឲ្យធ្វើតេស្ត និងប្រើប្រាស់នៅមូលដ្ឋានដែលមានទំហំធំនេះរួចរាល់ យើងរំពឹងថា មុខងារនៅក្នុងកម្មវិធី tablet នេះនឹងត្រូវបានពង្រីកបន្ថែមដើម្បីបញ្ចូលទិន្នន័យកម្រិតអ្នកជំងឺសម្រាប់រាល់សេវានៅកម្រិតមណ្ឌលសុខភាពក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។